នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិជាំ និងអូស្មាច់ នៅតែបន្តប្រមូលប្រាក់ខុសច្បាប់ពីប្រជាពលរដ្ឋឆ្លងដែន
បើទោះបីជាក្រសួងមហាផ្ទៃព្រមានយ៉ាងណាក៏ដោយក៏ថ្មីៗនេះមានសេចក្តីរាយការណ៍ថា ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ចំនួនពីរទីតាំងនៅខេត្ដឧត្ដរមានជ័យ គឺច្រកទ្វាអន្តរជាតិជាំ ស្រុកអន្លង់វែង និងច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ កំពុងសម្ងំប្រមូលប្រាក់ពុករលួយដោយខុសច្បាប់ផ្ទុយ និងផ្គើនគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។ ទោះយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះក្រសួងមហាផ្ទៃ នៅមិនទាន់មានចំណាត់ការចំពោះមន្ត្រីនគរបាលដែលជាមេៗនៅច្រកទ្វារព្រំដែនទាំងពីរនេះនៅឡើយទេ។
ប្រភពព័ត៌មានរាយការណ៍ថា ការប្រមូលប្រាក់ពីពលរដ្ឋតាមរយះការបោះត្រាលើសៀវភៅឆ្លងដែន និងលិខិត ឆ្លងដែនរបស់ពលរដ្ឋចេញ-ចូលក្នុងទឹកដីថៃនៅតែបន្តកើតមានជាដដែលបើទោះបីជាក្រសួងមហាផ្ទៃព្រមានញឹកញាប់ក៏ដោយ។ ពលរដ្ឋបានលើកឡើងថា រាល់ការបោះត្រាលើសៀវភៅឆ្លងដែន និងប៉ាស្ព័រចេញ-ចូលទឹកដីថៃ តាមច្រកទ្វាអន្តរជាតិជាំ ក៏ដូចជាច្រកទ្វាអន្តរជាតិអូរស្មាច់ ត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍តម្រូវឲ្យបង់ប្រាក់ ១ម៉ឺនរៀល ក្នុង ១នាក់ ជាកំណត់ និងតម្រូវឲ្យបង់ប្រាក់ជាដាច់ខាត។ ប្រការនេះគឺបំពានទាំងស្រុងទៅនឹងបទបញ្ជាក្រសួងមហាផ្ទៃ ដែលប្រកាសដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា កាលពីថ្មីៗនេះ។
សមត្ថកិច្ច និងពលរដ្ឋមួយចំនួននៅច្រកទ្វាអន្តរជាតិជាំ ស្រុកអន្លង់វែង លើកឡើងថា ពួកគាត់មិនដែលឃើញឬស្គាល់មុខលោក យូ សុធារឹទ្ធ មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍នោះទេ ពោលគឺមិនដែលឃើញនៅកន្លែងធ្វើការនោះទេ ដោយទុកឲ្យស្ដីទីម្នាក់ដែលត្រូវជាប្អូនថ្លៃ គឺលោកវរះសេនីយ៍ទោ ប៊ុន កុសល មើលការខុសត្រូវក្ដាប់ការងាររួម។ ចំណែក លោក យូ សុធារឹទ្ធ មេប៉ុស្តិ៍ កុំថាឡើយគោរពម៉ោងរដ្ឋបាល សូម្បីកន្លែងធ្វើការមិនដែលចូលផង។ គេខ្សឹបថា លោកយូ សុធារិទ្ធ មិនខ្វល់នឹងការងារទេ គឺទុកឲ្យប្អូនថ្លៃ ជាអ្នកសម្រេចរាល់កិច្ចការ ដោយលោកចាំតែទទួលលុយប្រចាំខែពីប្អូនថ្លៃ គឺជាការស្រេច។ ករណីនេះក៏គួរតែមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់ផងដែរ។
ប្រភពរាយការណ៍បន្ថែមថាប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិជាំ និងអន្តរជាតិអូរស្មាច់ មិនត្រឹមតែប្រមូលប្រាក់ ដោយខុសច្បាប់លើការបោះត្រាប៉ុណ្ណោះទេ ផ្ទុយទៅវិញមានរឿងអាស្រូវជាច្រើនទៀតដោយប្រើយុទ្ធសាស្ត្រផ្សេងៗទៀត ដើម្បីប្រមូលប្រាក់ពុករលួយ ដែលក្រុមការងារយើងនឹងលម្អិតពេលក្រោយ។
ជុំវិញករណីខាងលើ លោកវរសេនីយ៍ទោ ប៊ុន កុសល បានឲ្យដឹងថា ច្រកទ្វាអន្តរជាតិជាំ មិនមានកម្មករឬក៏ទំនិញចេញ-ចូលគគ្រឹកគគ្រេង ដូចច្រកផ្សេងទៀតនោះទេ ហើយរឿងបោះត្រាចេញទៅស្រុកថៃពលរដ្ឋជូនថ្លៃបាយទឹក ១ម៉ឺនរៀល ពិតមែន តែវាយត្រាចូល(បិទ)មិនយកប្រាក់ទេ។ នេះគឺជាការទទួលស្គាល់ការពិត ដែលមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិជាំ ប្រកាសថា ខ្លួនបានទទួលប្រាក់ ១ម៉ឺនរៀល ក្នុងការបោះត្រាលើសៀវភៅឆ្លងដែន ១ក្បាល។
ជាមួយនោះលោកក៏បានប្រកាសអំពីករណី ក្រុមឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើឆ្លងព្រំដែនអន្តរជាតិជាំ ពោលគឺប្រភេទធ្យូងមានតែឈ្មោះ តាស្បូវ ម្នាក់ប៉ុណ្ណោះ។ លោកបន្ថែមថា ខុសគ្នាខ្លាំងរវាងច្រកទ្វាអន្តរជាតិអូស្មាច់ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី អៀ សុផល ប្រមូល ប្រាក់ពុករលួយពីពលរដ្ឋឆ្លងដែនវាយត្រាចេញ ១ម៉ឺនរៀល និងវាយត្រាចូល ១ម៉ឺនរៀល ចំណែកក្រុមឈ្មួញនាំផលអនុផលព្រៃឈើខុសច្បាប់ប្រភេទធ្យូងគឺច្រើននាក់ខ្លាំងណាស់ គឺដឹកជញ្ជូននៅពេលយប់ជិតដល់ម៉ោងបិទច្រក។ លោក ប៊ុន កុសល បញ្ជាក់ថា នៅច្រកព្រំដែនអូរស្មាច់ គេគគ្រឹកគគ្រេងណាស់។
បើក្រសួងមហាផ្ទៃលោកអភិសន្តិបណ្ឌិត ស សុខា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្ដមសេនីយ៍ ឯក សុខ វាសនា ទប់ស្កាត់មិនទាន់ពេលវេលាទេនោះ គឺមានពលរដ្ឋច្រើនណាស់បាន និងរងគ្រោះអស់ប្រាក់ក្នុងមួយថ្ងៃៗដោយការគាបសង្កត់របស់ពួកមន្ត្រីច្រកព្រំដែនទាំងពីរនៅខេត្តឧត្តរមានជ័យ នេះ។បឋម