ខេត្តបន្ទាយមានជ័យ ផ្លូវជាច្រើនខ្សែនៅក្នុងក្រុងប៉ោយប៉ែត កំពុងរងការខូច ខាតយ៉ាងខ្លាំងដោយសារតែរថយន្តដឹកខ្សាច់, ថ្ម, គ្រួសលើសទម្ងន់ចូលក្នុងការដ្ឋានបុរីនានា ជាក់ស្ដែងផ្លូវបេតុង១ខ្សែ ដែលឋិតនៅក្នុងភូមិមិត្តភាពសង្កាត់-ក្រុងប៉ោយប៉ែតកំពុងរងការខូចខាតបណ្ដើរៗដោយសាររថយន្តដឹកខ្សាច់ប្រភេទភ្លៅ៤និងភ្លៅ៥ដឹកលើសទំនង់បើកឆ្លងកាត់រាប់សិបគ្រឿងទាំងយប់ថ្ងៃ ដោយគ្មានការ ទប់ស្កាត់ពីសំណាក់មន្រ្តីជំនាញពាក់ពន្ធឬអាជ្ញាធរមាន សមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះឡើយ។ ប្រភពខ្លះថាអាជ្ញាធរសង្កាត់ មិនហ៊ានជាមួយម្ចាស់គ្រឿងចក្រសេវាដឹកជញ្ជូនទាំងនោះទេ។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានសងខាងផ្លូវខាងលើបានឲ្យដឹងថា មិនមែនតែរថយន្តដឹកខ្សាច់,គ្រួស ឥដ្ឋ ដែលបើកឆ្លងកាត់នោះទេ មានទាំងរថយន្តដឹកបេតុងលាយស្រេចធុនធ្ងន់និងរថយន្តដឹកដី ដែលបើកបរក្នុងរដូវវស្សា ជាហេតុធ្វើឲ្យផ្លូវមួយខ្សែនោះរងការខូខាត ប្រេះស្រាំស្ទើរគ្រប់កន្លែង។ អ្នកភូមិកត់សម្គាល់ឃើញថា ផ្លូវក្នុងក្រុងប៉ោយប៉ែត ក៏ដូចជាផ្លូវដែលកំពុងរងការខូច ខាតដោយសារថយន្តដឹកខ្សាច លើសទំងន់នោះជាផ្លូវដែលកសាងដោយថវិកា របស់ពលរដ្ឋដែលមានលំនៅខានសងខាងផ្លូវ100%។ អ្នកភូមិកត់សម្គាល់ឃើញថា មិនមែនតែផ្លូវនោះទេដែលរងការខូចខាតសូម្បីតែប្រព័ន្ធលូសងខាងផ្លូវក៏ខូចខាតដូចគ្នានេះដែរ។
ប្រជាពលរដ្ឋនិយាយថា បើគ្មានការទប់ស្កាត់ការ ដឹក ជញ្ជូនរថយន្តលើសទំងន់ក្នុងរដូវវស្សា ដីទន់ជ្រាយឆាប់រងការខូចខាត់ឲ្យបាននោះទេ ផ្លូវផ្សេងៗទៀតនៅក្នុងក្រុងប៉ោយប៉ែតក៏រងការខូចខាតដូចផ្លូវក្នុងភូមិខាងលើដែរ។ ថៅកែក្រុមហ៊ុនដឹកខ្សាច់ មិនដែលខ្វល់អំពីបញ្ហាដែលពួកខ្លួនបាននិងកំពុងបំផ្លិចបំផ្លាញផ្លូវក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតនោះទេ។ ដូចគ្នានេះដែរ ម្ចាស់ការដ្ឋានសំណង់នានានៅក្រុងប៉ោយប៉ែត ក៏មិនដែលខ្វល់ចំពោះបញ្ហានេះដែរ។ ជាងនេះទៅទៀតអាជ្ញាធរមូលដ្ឋាន តាមសង្កាត់នានា នៅក្នុងក្រុងប៉ោយប៉ែតក៏មិនចាប់អារម្មណ៍ចំពោះរថយន្តដឹកខ្សាច់,ដែក,ថ្ម ដែលកំពុងបំផ្លាញផ្លូវក្នុងសហគមន៍នេះដែរ។
មន្ត្រីអាជ្ញាធរមូលដ្ឋានតែងតែបង្ហើបថា លោកបានធ្វើការណែនាំដល់រថយន្តដឹកខ្សាចលើសទម្ងន់ទាំងនោះដែរតែមិនខ្លាច រអាចំពោះលោកនោះទេ ព្រោះពួកម្ចាស់រថយន្តដឹកខ្សាច់និងគ្រឿងសំណង់ទាំងឡាយនោះមានខ្សែវល្លិ៍នៅពីក្រោយខ្នងមាំទាំល្អណាស់ ។ មន្ត្រីអាជ្ញាធរសង្កាត់នៅក្រុងប៉ោយប៉ែតបង្ហើបថា ការទប់ស្កាត់គួរតែអាជ្ញាធរក្រុងជាគណៈបញ្ជាការឯកភាព ដែលមានសមត្ថភាពជាង ហើយទប់ស្កាត់រថយន្តប្រភេទធុនធ្ងន់គឺហាមឃាត់នៅខាងដើមទី បើបណ្ដោយឲ្យចូលដល់ក្នុងមូលដ្ឋានប្រាកដជាពិបាកហាមឃាត់ខ្លាំងណាស់៕