តាំងល្បែងស៊ីសងស្ថិតភូមិ ផ្សារលិច ខាងក្រោយ ផ្សារ ព្រែក ព្នៅថ្មី ខណ្ឌព្រែកព្នៅ កំពុងបើកដំណើរការយ៉ាងរំភើយរីឯសមត្ថកិច្ចវិញហាក់បីដូចជាចាញ់បារមីម្ចាស់ទីតាំងខាងលើមិនហ៊ានបង្ក្រាប?
ភ្នំពេញ៖ បញ្ហាល្បែងស៊ីសងដែលកំពុងប្រមូលផ្ដុំយ៉ាងច្រើនកុះករ ស្ថិតនៅមូលដ្ឋានជិតបុរីកម្ពុ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងបង្វក់ស្មារតីអ្នកលេងឲ្យកាន់តែច្រើន អ្នកចាញ់ក៏កាន់តែច្រើន ឯខ្លះទៀតមាត់លឺៗរំខានដល់ប្រជាពលរដ្ឋខ្លាំងតែម្ដង នេះបើតាមប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មាន ស្វាយជ្រំ ញូសិ៍ បានទទួលនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤
យោងតាមប្រភពពីប្រជាពលរដ្ឋ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន ស្វាយជ្រំ ញូសិ៍ ឲ្យដឹងថា បច្ចុប្បន្នទីតាំងល្បែងស៊ីសងដែលស្ថិតនៅខាងក្រោយផ្សារព្រែកព្នៅថ្មីនេះ កំពុងបើកលេងយ៉ាងរលូនតែម្ដង ដោយមិនក្លាចញញើតនឹងសមត្ថកិច្ចសូម្បីតែបន្ដិច ហើយបានបើកលេងច្រើនដូចផ្សិតតែម្ដង។ ពេលខ្លះអ្នកលេងទាំងនោះបានស្រែកអឺងកងរំពងរំខានដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយម្យ៉ាងវិញទៀត សម្លេងប្រកែកគ្នាខ្លាំងៗ ដែលធ្វើឲ្យទីតាំងមួយនេះគ្មានសុវត្ថិភាពទាល់តែសោះ ម្យ៉ាងវិញទៀត សមត្ថកិច្ចបានបង្ក្រាបបានតែមួយឆាវបានតែប៉ុន្មានថ្ងៃបើកលេងឡើងវិញយ៉ាងរលូន មិនមែនលួចលាក់បើកទេ គឺបើកលេងចំហរតែម្ដង។
ប្រជាពលរដ្ឋឆ្ងល់ថា ម្ដេចបានជាមានការបើកលេងយ៉ាងសេរីដូច្នេះ ហើយសមត្ថកិច្ចមិនចុះបង្ក្រាបតែម្ដងទៅ ពេលខ្លះមានសមត្ថកិច្ចធ្វើដំណើរតាមដងផ្លូវដែរ ប៉ុន្ដែហាក់ធ្វើមិនឃើញ ដូចជាមិនចង់បង្ក្រាប ឬមួយជាឆ្នាំងបាយរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន។ ប្រសិនបើគ្មានការបង្ក្រាបនោះទេ បញ្ហាភូមិឃុំសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលនឹងមិនមានប្រសិទ្ធភាពទាល់តែសោះ ដោយសារតែថ្នាក់ក្រោម មិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ឬចុះបង្ក្រាបឲ្យបានទាន់ពេលវេលា ឬដូចគេនិយាយ «គោបាត់ទើបធ្វើរបង» ដល់ពេលមានបញ្ហាទើបចុះបង្ក្រាប។
ទាក់ទិននឹងករណីនេះផងដែរ ប្រជាពលរដ្ឋស្នើសុំដល់លោក ធីម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងលោក សុខ ហេង អធិការនគរបាលខណ្ឌព្រែក សូមលោកទាំងទ្វេរមេត្តាយកចិត្តទុកដាក់ចំពោះបញ្ហាភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលផង ព្រោះថា ការមិនមានចំណាត់ការបង្ក្រាបល្បែងស៊ីសងខាងលើនេះ ជាកត្ដានាំឲ្យ បទល្មើសកើតឡើង ដូចជាអំពើហឹង្សារ ចោលួចឆក់ប្លន់ជាដើម។
ជាពិសេសទៅទៀត ប្រជាពលរដ្ឋសង្ឃឹមថា ព័ត៌មានមួយនេះនឹងដឹងដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីមានចំណាត់ការក្នុងការចុះបង្ក្រាបទីតាំងបទល្មើសល្បែងស៊ីសងបញ្ជាល់មាន់ខាងលើនេះផងដែរ។