នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀងបានរៀបចំពិធីប្រកាសចូងកាន់មុខតំណែងឯកឧត្តម ប៉េង ពោធិ៍សា ឋានន្តរស័កិ្ត ឧត្តមមន្ត្រីថ្នាក់លេខ៦ ជាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជំនួសឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ដែលត្រូវបានចូលនិវត្ត ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
បន្ទាប់ពីឯកឧត្តម ម៉ែន វិបុល អតីតអភិបាលខេត្តមានប្រសាសន៍អំពីរបាយរណ៍ស្តីពីសមិទ្ធផលនិងការកសាង អភិវឌ្ឍន៍ខេត្ត ជាមួយនឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រគល់ព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្ត ព្រមទាំងធ្វើការប្តេជ្ញាចិត្តរបស់ឯកឧត្តមអភិបាលខេត្តដែលទើបតែងតាំងថ្មី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនោះឡើយ។ ការប្រកាសចូលកាន់តំណែងជាអភិបាលខេត្តនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់ មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរនូវសមទ្ធិផលដែលឯកឧត្តម ម៉ែន វិបុល ដឹកនាំកន្លងមក ធ្វើឲ្យខេត្តមានការប្រែមុខមាតថ្មី ហើយសមទ្ធិផលទាំងនេះ ក៏កើតឡើងពីប្រទេសមានសុខសន្តិភាព ហើយក៏សមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា។ ក្នុងនោះដែរឯកឧត្តម បានលើកនូវយុទ្ធសាស្រ្តបញ្ចកោណ មានបាវចនា៥, គោលដៅយុទ្ធសាស្ត្រ៥និងអាទិភាពគន្លឹះ៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ព្រមទាំងចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ក្នុងនោះបានផ្តោតសំខាន់លើការបង្កើតច្រកចេញចូលតែមួយ ក្នុងបម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ នៅថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ក្នុងការទំនាក់ទំនង និង ស្វែងរកនូវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធកុំព្យូទ័រ ព្រមទាំងការងារផ្ទេរមុខងារ និង ធនធានផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និង គុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន។ ក្នុងនោះដែរឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តាំផ្ញើដល់ឯកឧត្តមអភិបាលខេត្តថ្មី ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនបន្ថែមទៀត គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចំបង ហើយក៏ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាលលើការដឹកនាំគ្រប់គ្រងបណ្តាមន្ទីរ ស្ថាប័ន និង អង្គភាពក្នុងខេត្តឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងស្ថាប័ន ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយអង្គការជាតិ អន្តរជាតិ ដៃគូវិនិយោគ និង យកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។