សូមសមត្ថកិច្ច ពិនិត្យមើលមណ្ឌលកំសាន្ដ យីហោ «ប៉អៅ» ដែលគេបង្ហើបថាជាទីតាំងលេងល្បែងស៊ីសង ខុសច្បាប់
មណ្ឌលកំសាន្ដមួយកន្លែង យីហោ «ប៉អៅ» ស្ថិតនៅបណ្ដោយផ្លូវហាណូយ ទល់មុខខាងស្ដាំប៉ុស្ដិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានគេទម្លាយថា គឺជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់បែបចិន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងមួយកន្លែង យីហោ មណ្ឌលកំសាន្ត «ប៉អៅ» ខាងលើនេះ គឺបើកលេងល្បែងស៊ីសងខុសច្បាប់ គឺមានទាំងជនជាតិចិន និងជនជាតិខ្មែរ ចូលលេង។ ហើយទីតាំងមួយនេះគឺមានការបើកទទួលភ្ញៀវទាំងយប់ទាំងថ្ងៃ។
ជុំវិញករណីខាងលើនេះ យើងមិនដឹងថាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ស្គាល់និងដឹងទីតាំងមួយកន្លែងនេះ ឬយ៉ាងណានោះទេ ចំពោះការបណ្តោយឲ្យមានការបើកលេងល្បែងស៊ីសងខុសច្បាប់ ដែលជាហេតុនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដែលចេញដោយរាជរដ្ឋាភិបាល។
សូមសំណូមពរលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យមើលលើទីតាំងខាងលើនេះផងទាន៕