ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ១១៣.K ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រមូលផ្ដុំដោយក្រុមក្មេងៗយុវជន អោយចូលលេងយ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងគឃ្លើនតែម្ដង ដោយមិនរំខានដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាល់តែសោះ!
យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថ្លែងប្រាប់អង្គភាពសារព័ត៌មានយើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងដែរថា៖ មានទីតាំងហ្គេមបាញ់ត្រីមួយកន្លែងស្ថិតនៅត្រង់ចំណុចផ្លូវ១១៣.K សង្កាត់ចោមចៅទី៣នេះ កំពុងបើកលេងយ៉ាងរលូនដោយមានមនុស្សក្មេងចាស់ប្រុសស្រីបានចូលទៅលេងជាហូរហែ អ្នកខ្លះចាញ់អស់ម៉ូតូ ត្រូវបញ្ចាំដើម្បីលេងល្បែងស៊ីសងនេះផងដែរ។
ករណីនេះបើកល្បែងស៊ីសងបែបនេះ ហាក់បីមិនរំខានដល់លោក អភិបាល ខណ្ឌ និងលោក អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ទាល់តែសោះ មានការបណ្ដែតបណ្ដោយខ្លាំងមែនទែន រហូតមកដល់ពេលនេះល្បែងស៊ីសងនៅដំណើរការយ៉ាងសកងៀមស្ងាត់បំផុត ប្រជាពលរដ្ឋដាក់ការសង្ស័យថា ការមិនចុះអនុវត្តទប់ស្កាត់ ឬបង្ក្រាបល្បែងស៊ីសង ព្រោះអាចជាឆ្នាំងបាយដ៏សំខាន់ ហើយមានផលប្រយោជន៍ក្រាស់ក្រែលហើយមើលទៅបានជាមិនរំខានរមាស់ត្រចៀកសោះឡើយ។
សេចក្ដីរាយការណ៍បន្ថែមពីប្រជាពលរដ្ឋអះអាងថា ម្ចាស់ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ជាច្រើនប្រភេទ ដែលមានទីតាំងខាងលើ បានធ្វើអោយពលរដ្ឋមានការភ័យខ្លាច និងព្រួយបារម្ភកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ ជាហេតុ!ធ្វើពលរដ្ឋលើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាបកន្លងមកនោះ។
ប្រជាពលរដ្ឋសូមសំណូមពរដល់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែង «ហ្គេមបាញ់ត្រី»ខុសច្បាប់ ជាច្រើនប្រភេទ មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះផងទាន៕