ព័ត៌មានជាតិ

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះ

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះបានថ្លែងអបអរសាទរប្រកបដោយមោទនភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះដោយទទួលបានអាសនៈចំនួន ៥៥ ក្នុងនោះភូមិភាគទី៨ ដែលរួមមានខេត្តក្រចេះ កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងស្ទឹងត្រែងបានទទួលអាសនៈ ៦ លើ ៦ និងមានសំឡេងគាំទ្រមាន
ការកើនឡើងដែលបង្ហាញពីភាពត្រឹមត្រូវនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការគាំទ្រពីប្រជាពលរដ្ឋ។

ការអបអរសាទរនិងគាំទ្រនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងការដកពិសោធន៍ការងារក្នុងការបោះឆ្នោតព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ, ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ អ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ និងសមាជិកព្រឹទ្ធសភាទើបជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិកាក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សខេត្ត ក្រុងស្រុកទាំង ៧ របស់ខេត្តក្រចេះ។

បន្ទាប់ពីអង្គប្រជុំបានស្តាប់របាយការណ៍នៃការចុះធ្វើសកម្មភាពនៅតាមមូលដ្ឋានរបស់ក្រុមការងារគណបក្សទាំង ៧ ក្រុងស្រុក, ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាក្រុមការងារទាំងអស់ដើម្បីដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម វ៉ា ថន ក៏បានលើកឡើងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ក្រុមការងារគណបក្ស និងការដាក់ចុះទិសដៅការងារបន្តដើម្បីពង្រឹងនិងពង្រីកភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តបំពេញការងារនៅមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពខ្ពស់។ លទ្ធផលនៃការបោះឆ្នោតនេះ ពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុតរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន។ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថ្លែងអំណរគុណដល់អង្គបោះឆ្នោតទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា៕

scn

Leave a Reply

Your email address will not be published.